mardi 14 avril 2009
ខេត្តមណ្ឌលគិរី
០១.មណ្ឌលគិរីជាទីមនោរម្យ...........សំបូរព្រៃភ្នំជ្រលងដងអូរ
ហើយមានទឹកជ្រោះហូរធ្លាក់លើថ្ម....លាន់ឮដូចផ្គរគួរឱយទស្សនា។
០២.រមណីយដ្ឋានឧទ្យានធម្មជាតិ..រុក្ខាវល្លិជាតិលូតប្រណាំងគ្នា
ធ្វើឱយទេសភាពល្អដូចសួគ៌ា.......គន្ធបុផ្ផាពិដោរឈ្ងុយឈ្ងប់។
០៣.បក្សាបក្សីសត្វព្រៃច្រើនទ្វេ.....យំច្រៀងបំពេរព្រឹកទ័លព្រលប់
រាត្រីមកដល់ខ្យល់បក់ឥតឈប់.........បក់ពេញមួយយប់ត្រជាក់កាយា។
០៤.ទេសភាពស្រស់ល្អកំដរចក្ខុ..ប្រៀបដូចមធុរសផ្អៀមអស្ចារ្យ
លោកអ្នកបានភ្លក់ដក់ជាប់ឱរា.......គួចចង់ទស្សនាមណ្ឌលគិរី៕
ខេត្តរតនគីរី
០១.រតនគិរីជាទីមេត្រី.......................សំបូរព្រឹក្សព្រៃគិរីបុព្វតា
មានទឹកជ្រោះហូរធ្លាក់អូរថ្មដា......ហើយមានមច្ឆាហែលលេងឆ្វាត់ឆ្វែង។
០២.ព្រមទាំងសត្វព្រៃបក្សីបក្សា..ស្រែកយំខ្ញៀវខ្ញារដូចជាក្រុមភ្លេង
បញ្ចេញថ្វីដៃប្រកួតប្រជែង.........ជូនភ្ញៀវស្ដាប់លេងកំសាន្តចិន្ដា។
០៣.ឧទ្យានព្រៃភ្នំរមណីយល្អក្រៃ...........ទុកជាចំណីចក្ខុមនុស្សា
ឃើញទេសភាពល្អបវរថ្លៃថ្លា......គួចចង់ទស្សនាបណ្ដែតអារម្មណ៍។
០៤.រតនគិរីទីក្រុងបានលុង.................ដែលជាទីក្រុងដ៏មនោរម្យ
ទេសចរត្រាច់ចរបានដោយសុខុម.........ក្នុងស្រុកភូមិឃុំមានសន្តិសុខ៕
lundi 13 avril 2009
ស្អប់ពុករលួយ
០១.រាស្ត្រខ្មែរស្អប់ណាស់ជនពុករលួយ..ដល់កូនខ្លួនជួយរកកន្លែងខ្លាញ់
សូកប៉ាន់យកធំស្រួលកេងប្រវ័ញ្ច.......ក្លាយជាស្ដេចក្រាញ់អំណាចផ្ដាច់ការ។
០២.ជេរគេជេរឯងថាស៊ីលុយជាតិ............ឡើងធំលួចឆ្លៀតស៊ីដូចតែគ្នា
នេះសបត្តជនឆ្កួតនឹងដុល្លា..............គិតតែអត្តាឥតណា៎ហ្មងសៅ។
០៣.កាលនៅនិស្សិតអួតខ្លួនស្អាតស្អំ.....លុះបានឡើងធំទ្រនំខ្ពស់នៅ
ខំស៊ីសំណូកញាត់ពេញហោប៉ៅ........ទោះកេរ្តិ៍អាស្រូវឥតខ្វល់ឡើយណា៎។
០៤.នេះជាបុគ្គលវិជ្ជទស្សី................បានតែវចីមិនខ្មោចដូចគ្នា
ទោះបីរាស្ត្រខ្សត់ទុគ៌តខ្លោចផ្សា...អញធ្មេចនេត្រារស់ក្នុងហ្វូងក្អែក៕
សុសេយ្យា
០១.មុននឹងចូលគេងអូនហើយនិងបង.............ពិគ្រោះសាសងនូវកិច្ចការងារ
ហើយអូនងុយគេងថ្លៃក៏វាចា...................ថា«សុសេយ្យា»ចំពោះរូបបង។
០២.សុសេយ្យាសុបិនល្អពិសី..............ឆាប់លក់ណា៎ថ្លៃគេងចុះ!នួនល្អង
គេងយកកម្លាំងស្អែកឆាប់ក្រោកផង...........យើងទាំងត្រសងទៅធ្វើការងារ។
០៣.ទោះបីលំបាកហើយមានឧបសគ្គ...........មករារាំងស្ទាក់យើងត្រូវពុះពារ
កើតមកជាមនុស្សត្រូវតែឧស្សាហ៍..........ពាក្យចាស់ពោលថាការងារជាប្រាក់។
០៤.អ្នកមានទ្រព្យធនខិតខំសង្វាត..ឥតខ្ជិលចោលម្សៀតឆ្លៀតខំប្រចក្ស
ដូច្នេះយើងត្រូវព្យាយាមទុកដាក់..................កុំដេកចាំប្រាក់រត់មករកយើង៕
សុសេយ្យាឬសុសយ្យា = Bonne Nuit ឬ Good Night
កញ្ជ្រោងនិងក្រសារ
០១.ស្រីហិតោបទេសបានរាប់រៀប...........យកកញ្ជ្រោងធៀបនិងសត្វក្រសារ ដែលជាមិត្តភក្ដិទៅឆីអាហារ..................នៅផ្ទះអត្តាជាកញ្ជ្រោងម្ដង។ ០២.កញ្ជ្រោងរៀបម្ហូបដាក់ក្នុងចានទាប..ក្រសារប្រុងប្រៀបឃើញម្ហូបឆ្ងាញ់ផង ចឹកឆីស្រាប់តែខកចិត្តកន្លង......................របូតរាល់ដងក៏ក្រេវក្រោធក្រៃ។ ០៣.ក្រសារគុំកួនអញ្ចើញកញ្ជ្រោង............មកផ្ទះខ្លួនម្ដងសងសឹកទាន់ដៃ រៀបម្ហូបដាក់ដបកវែងឱយឆី.................កញ្ជ្រោងលកលៃឆីម្ហូបមិនបាន។ ០៤.នេះហើយហៅថាអាត្មានិយម..................ធ្វើមិនសមរំចាស់ទុំព្រមាន សូមកុំសងសឹកសន្ទនាជាយាន..................ដើម្បីចងស្ពានមានមេត្រីភាព៕
មេអំបៅនិងដង្កូវ
០១.ស្រីហិតោបទេសប្រៀនប្រដៅ............យកមេអំបៅធៀបនិងដង្កូវ
សត្វមួយហិចហើរមួយវាលើស្មៅ............ហើយដង្កូវត្រូវមេអំបៅលេញ្ជា។
០២.មេអំបៅអួតខ្លួនល្អបវរ...............ហើយហើរត្រាច់ចរនៅលើមេឃា
ទិតៀនដង្កូវជាវិក្រីឌា..........................ឃើញដង្កូវវារកាត់ភក់ជ្រាំដី។
០៣.ឯមេអំបៅភ្លេចដើមកំណើត.............ដែលខ្លួនបានកើតពីដង្កូវថ្លៃ
ដូចបុគ្គលខ្លះជាអ្នកក្រក្រី.................ដល់កើតសេដ្ឋីមាក់ងាយអ្នកក្រ។
០៤.សត្វលោកកើតមកមានបុរសស្ត្រី.ហើយល្ងង់ឈ្លាសវៃសម្ផស្សអាក្រក់ល្អ
អ្នកត្រូវរម្ងាប់នូវអធិករណ៍....................ត្រូវមានសីលធម៌ទើបល្អប្រសើរ៕
ភ្នំបូកគោ
០១.កើតមកជាមនុស្សទុក្ខទោសតាមស្នេហ៍..គេចមិនផុតទេអ្នកក្រអ្នកមាន
តែងជួបវិបត្តិរោគាមិនខាន................ជួបខ្មាំងសាមាន្យរំខានឥស្សា។
០២.នៅភ្នំបូកគោមនោរម្យប្រិមប្រិយ..សូមញាតិប្រុសស្រីអញ្ចើញទស្សនា
មានរមណីយដ្ឋានឧទ្យានសួនច្បារ............ជូនញាតការលំហែកាយចិត្ត។
០៣.សូមកុំលេបទុក្ខសំកុកម្នាក់ឯង......ត្រូវចេញដើរលេងកន្លែងឆ្ងាយជិត
ជាមួយគ្រួសារនិងកល្យាណមិត្ត.........ទើបចិត្តលែងគិតកង្វល់ទាំងឡាយ។
០៤.នៅភ្នំបូកគោជំនោរខ្យល់ធ្លាក់..យប់ឡើងត្រជាក់ល្អពណ្ណរាយ
ទីស្ងាត់ជ្រងំជូនញាតិទាំងឡាយ................មកលំហែកាយរំសាយចិន្ដា៕
ខេត្តឧត្តរមានជ័យ
០១.ឧត្ដរមានជ័យទឹកដីកម្ពុជា.........ខេត្តនេះនៅនាខាងទិសឧត្ដរ
ពលរដ្ឋភាគច្រើនជាកសិករ..........ហើយចិត្តស្មោះសរគួរឱយបេតី។
០២.មានភ្នំដងរែកញែកជាព្រំដែន.........ដងភ្នំពត់ពែនជាយដែនខ្មែរថៃ
សំបូររុក្ខាលតាវល្លិព្រៃ..................បក្សាបក្សីស្រែកយំអឺងកង។
០៣.ទេសភាពព្រៃភ្នំមនោរម្យអស្ចារ្យ..ជូនញាតិទស្សនាមិនខកបំណង
បុផ្ផាក្រពុំរីកស្រស់បំព្រង............ធ្វើឱយអ្នកផ្សងប្រាថ្នាជួបទៀត។
០៤.ប្រជាពលរដ្ឋជនបទីផ្សារ..ព្យាយាមធ្វើការមិនដែលឃ្លៀងឃ្លាត
ខាងស្រែចំការរកជ័រវល្លិជាតិ.......លក់ដូរព្រោងព្រាតជូនញាតិប្រុសស្រី៕
ឥតក្រែងជាតិក្ស័យ
០១.ជាងបីទសវត្សរដ្ឋកម្ពុជា.........រងទុក្ខវេទនាដោយសារសង្គ្រាម
មានខ្មែរកុម្មុយនិស្តសេរីឧទ្ទាម.........ប្រឆាំងហុតឈាមរវាងសាសន៍ឯង។
០២.មនោគមវិជ្ជាប្រជាធិបតេយ្យ......កុម្មុយនិស្តសេរីឆេះគ្រប់កន្លែង
ឆេះនៅស្រុកខ្មែរជម្លោះទាស់ទែង......សម្លាប់គ្នាឯងនៅគ្រប់ទិសទី។
០៣.ខ្មែរជាវអាវុធប្រយុទ្ធតតាំង................ពីចិនប៉េកាំងបារាំងរុស្ស៊ី
អង់ក្លេសអាមេរិកអាឡឺម៉ង់ដ៍ទាំងពីរ.......អវសាន្តខ្ទេចខ្ទីនៅក្នុងខេមរា។
០៤.បំផ្លាញជាតិឯងឥតក្រែងជាតិក្ស័យ..ឱយសាសន៍ដទៃជោគជ័យគណនា
ឈ្លោះត្រឹមសម្ដីមេបក្សគ្រប់គ្នា.......ម៉្លេះសមកម្ពុជាអភិរូហ៍កន្លង៕
សុគមនំ
០១.អូនជួនដំណើរបងឡើងយន្តហោះ.........វាចាពិរោះជូនពរជ័យផង
សុគមនំមានដល់រូបបង................ឱសឱ!នួនល្អងយើងត្រូវបែកគ្នា។
០២.សុវសនំណា៎កែវមាសស្ងួន...............បងមិនភ្លេចអូនទេកែវជីវា
សិក្សាចេះចប់វិលចូលខេមរា.................មករកកនិដ្ឋាកែវស្រស់ពិសី។
០៣.បងសូមសន្យាព្យាយាមសិក្សា....លុះបានបរិញ្ញាប័ត្រណា៎ស្រស់ស្រី
បានឆាប់ប្រញ៉ាប់វិលចូលបុរី.................មករកចរណៃជាទីស្នេហា។
០៤.យើងនឹងរួមរស់ស្ម័គ្រស្មោះឧត្តម..ក្រោមការឧបត្ថមនៃលោកមេបា
យើងទាំងសងខាងណា៎ស្រស់ជីវា.............សូមអស់ទេព្ដារក្សាយើងខ្ញុំ៕
ប៉ោបៀ
០១.ចាស់ទុំព្រមានហើយព្រានប្រដៅ...ប្រាប់ដល់កូនចៅញាតិផៅគ្រប់គ្នា
មិនឱយប្រព្រឹត្តនូវល្បែងពាលា....មានអាប៉ោងបៀល្បែងភ្នាល់គ្រប់យ៉ាង។
០២.លេងល្បែងស៊ីសងបំណងជោគជ័យ....មានល្បិចលកលៃសម្ដីអួតអាង
ស៊យចាញ់អស់ទ្រព្យគ្មានភ័ព្វសំណាង......កេះមិត្តជិតខាងអង្វរខ្ចីប្រាក់។
០៣.លក់គ្មានសល់ទេទ្រព្យកេរ្តិ៍អាករ...រកល្បិចភូតភរឆរបោកមិត្តភក្ដិ
ធ្វើម្ដេចឱយបានប្រាក់យកមកចាក់..ល្បែងភ្នាល់អបលក្ខណ៍គ្រប់ពេលវេលា។
០៤.លេងល្បែងប៉ោបៀប្រាថ្នាចង់ឈ្នះ..អវសាន្តប្រទះហិនភាពគ្រប់គ្នា
ដូច្នេះយើងត្រូវធ្វើការប្ដេជ្ញា....ហើយសូមសច្ចាឈប់លេងល្បែងភ្នាល់៕
គ្រឿងញៀន
០១.កញ្ឆាអាភៀនគ្រឿងញៀនអប្រិយ....សូមខ្មែរប្រុសស្រីកុំសេពគប់វា
ឯវារុណីរមណីពេស្យា...................ត្រូវពហិការព្រោះហិនធនធាន។
០២.អំហ្វេតាមីនកូកាអ៊ីនយ៉ាម៉ា............ម៉ារីរ៉ូវ៉ាណាសុទ្ធជាអាភៀន
មេត្តាកុំភ្លក់ឱយសោះគ្រឿងញៀន......អ្នកហ៊ានបំពានខូចប្រាណរីងរៃ។
០៣.កឹកគ្រឿងញៀនហើយអ្នកអឺយទុក្ខា...ធ្វើបាបគ្រួសារលួចទ្រព្យឧរ៉ៃ
លក់ទិញក្រឿងញៀនជក់ចាក់រាល់ថ្ងៃ..ស្គាល់តែអវចីឥតបីឃ្លៀងឃ្លាត។
០៤.សូមពលរដ្ឋខ្មែរគេចវេសឱយឆ្ងាយ.គ្រឿងញៀនទាំងឡាយជាព្រាយពេជ្ឈឃាត
តាមចងកម្មពៀរផ្ដន្ទាជ្រេកជ្រៀត.........សូមកុំភ្លាត់ស្នៀតចូលផ្លូវអបាយ៕
ជម្លោះ
០១.ជម្លោះឈ្លោះវ៉ៃស្នាដៃសត្វលោក..បង្ករទុក្ខសោកលំបាកវេទនា
ទោះជីវិតស្លាប់ចុកចាប់ឈឺផ្សា..ឥតខ្វល់ចិន្ដាលះបង់ខន្តី។
០២.គ្រូកាចសិស្សខូចដូចចាស់និទាន..អស់លោកស្រេកឃ្លានអំណាចព្រៃផ្សៃ
គង់គេហ៊ានច្បាំងប្រឆាំងតដៃ..យកសិទ្ធសេរីជូនញាតការ។
០៣.អ៊ីត្លែរ៍ ប៉ុលពតដកហូតរង្គាល..អវសាន្តគេដៀលជាជនឫស្យា
មានឈ្មោះអាក្រក់ចារក្នុងសាវតា..ខ្លួនស្លាប់អនាថាបាត់បង់កិត្តិយស។
០៤.លោភលន់អំណាចកោងកាចចេស្ដា..អវសាន្តអត្តាបាត់បង់កេរ្តិ៍ឈ្មោះ
សូមឱយសត្វលោកឈប់លោភលន់ហួស..ប្រើចិត្តស្រណោះជីវិតសត្វលោក៕
សង្គ្រាម
០១.សង្គ្រាមនាំមកទុក្ខសោកទោសា..នាំក្ដីមរណាដល់ជនទាំងឡាយ
ផ្ដល់ភាពពិការជើងដៃខ្លួនកាយ.........នាំភាពអន្តរាយដល់ជាតិខេមរា។
០២.សង្គ្រាមអប្រិយប្រលៃសង្គម...ខេមរារលំហិនហោចខ្លោចផ្សា
សម្លាប់សាសន៍ឯងចំបែងទុក្ខា.......បរេទសទេណា៎អ្នកបានជោគជ័យ។
០៣.ជម្លោះសង្គ្រាមឧទ្ទាមតយុទ្ធ....ត្រូវជាវអាវុធយុទ្ធភ័ណ្ឌគ្រប់ដៃ
យកសម្លាប់គ្នាបំផ្លាញបុរី.....ទុក្ខសោកទោសពៃរ៍ជួបញាតិគ្រប់គ្នា។
០៤.ដូច្នេះរាស្ត្រខ្មែរត្រូវតែចាំទុក្ខ...........ខំរក្សាសុខគ្រប់ៗអាត្មា
ជៀសវាងសង្គ្រាមហុតឈាមប្រហារ..ឈ្លោះនឹងវោហាបញ្ញាមោះមុត៕
កុំដេកចាំប្រាក់
០១.មើលហ្ន៎!កណ្ដៀរហើយនិងស្រមោច..ជាសត្វល្អិតតូចព្យាយាមឧស្សាហ៍
សាងសង់ជំរកដ៏ល្អអស្ចារ្យ...................ស្វែងរកអាហារផ្គត់ផ្គង់ជីវិត។
០២.ទោះមានឧបសគ្គខ្មាំងមកយាយី..........បំផ្លាញអស់ទីជំរកស្នេហ៍ស្និត
សត្វនេះខិតខំជួសជុលបិទជិត.....................បានល្អប្រណិតឥតប្រចាំគ្នា។
០៣.ហេតុម្ដេចរាស្ត្រខ្មែរមិនយកតម្រាប់.........ដ៏ល្អគួរគាប់នៃសត្វកណ្ដៀរ
នាំគ្នាខិតខំធ្វើកិច្ចការងារ.....................ចាស់ប្រាប់តគ្នាការងារជាប្រាក់។
០៤.សុភាសិតថាតក់ៗពេញបំពង់..................កុំខ្ជិលដេកលង់ត្រូវខំប្រចក្ស
សូវធ្វើតិចតួចជាងអត់សោះអ្នក...................កុំដេកចាំប្រាក់រត់មករកយើង៕
រៃនិងស្រមោច
០១.ស្រីហិតោបទេសបានរាប់រៀប...យករៃមកធៀបនិងសត្វស្រមោច
រៃគិតតែច្រៀងពិរោះគ្រលួច............រីឯស្រមោចព្យាយាមធ្វើការ។
០២.គិតតែសប្បាយដល់មានអាសន្ន...រៃភ័យស្លោស្លន់ព្រោះអត់អាហារ
ទៅសុំស្រមោចនូវភោជនាហារ...យកទៅភោក្ដាបំបាត់ស្រេកឃ្លាន។
០៣.ស្រមោចខិតខំឥតមានទំនេរ..ភោគផលច្រើនទ្វេមិនស្គាល់អត់ឃ្លាន
ស្រមោចបដិសេធមិនព្រមឱយទាន..រៃដេកស្រេកឃ្លានខកប្រាណដាច់ពោះ។
០៤.ប្រៀបមកបថុជ្ជនរស់លើផែនដី........ខ្លះរស់ដូចរៃមានស្ត្រីបុរស
ខ្លះដូចស្រមោចព្យាយាមឥតខ្ចោះ....អ្នកអឺយចាំចុះការងារជាប្រាក់៕
រង់ចាំចម្លើយ
០១.បានឃើញកល្យាណបងអរកន្លង..ប្រាថ្នាផ្សងហើយសូមសច្ចា..ថាយក
នួនល្អងជាគូស្នេហា.............ហើយសូមសន្យាថាស្មោះលុះក្ស័យ។
០២.បងរង់ចាំចម្លើយថ្លៃអ្ហើយ..ចម្លើយពីស្រស់ពិសី..សូមស្រដីថ្លៃអ្ហើយ
មេត្តា.....វាចា វាចា.................ឆ្លើយមកពុំងារបងចាំចម្លើយស្រី។
០៣.ទោះជាមានអ្វីមករារាំងស្ទាក់..ឱវល្លៈបងមិនកន្តើយ..ខិតខំពុះពារលុះ
ត្រាដល់ត្រើយ.........................ព្រលឹងអ្ហើយបងគិតស្ងួនភ្ងា។
០៤.សូមព្រលឹងមេត្តាស្រណោះ..កុំបោះបង់អើយរៀមរា......បងស្ម័គ្រ
ស្មោះនឹងស្រស់ជីវា......វាចា វាចា កនិដ្ឋា ថាអូនស្នេហ៍បងណាវរមិត្រ។
០៥.បងស្រមៃឃើញបុផ្ផាក្រពុំ..ឱយបងគិតមុំឥតស្រាក........ចង់ថ្នមថ្នាក់
ចង់នេបនិត្យឆោមឆាយ....ប្រាថ្នា ប្រាថ្នា បួងសួងទេវតាសុំលោកជួយ..
បងព្រួយចម្បែង៕
ព្យាយាម
០១.ចាស់ទុំប្រដៅកូនចៅខ្មែរឯង...........កុំដេកផ្សងព្រេងរង់ចាំវាសនា
អ្នកត្រូវខិតខំព្យាយាមឧស្សាហ៍...............ធ្វើគ្រប់កិច្ចការដើម្បីជីវិត។
០២.អ្នករពឹសដៃធ្វើអ្វីផ្ទៃឆ្អែត......អ្នកដេកផ្អែកទ្រេតពោះធេងផតស្វិត
អ្នកត្រូវកាប់គាស់សាបព្រោះផលិត.........កុំដេកផ្ដួលផ្ដិតរង់ចាំដុល្លា។
០៣.ចង់មានត្រូវខំសន្សំលៃលក.........ចង់ស្រណុកលោកឱយនឿយកាយា
ចង់បានចំណេះយើងត្រូវសិក្សា.............ចង់បានផ្លែផ្កាដាំថែស្រោចទឹក។
០៤.មានសន្តិភាពប្រៀបនឹងក្ដីស្មោះ..លះបង់ជន្លោះឈ្នានិសសងសឹក
សន្ទនាជាយានផ្លូវល្អពន្លឹក...........ធ្វើសង្គ្រាមសឹកជាតិរាស្ត្រវេទនា៕
កុំលួច
០១.បថុជ្ជនភូតភរដើរឆរបោកគេ..........ឱយញាតិផងជេរដាក់បណ្ដាសា
អ្នកបោកប្រាសគេដឹងទេពុំងារ............ទទួលកម្មពៀរតដល់កូនចៅ។
០២.ទៀងមិនឈ្នះទាល់សម្គាល់ចាំទុក....អត់លុយឃើញមុខអាណិតពេកកូវ
អង្វរលន់តួខ្ចីលុយដង្ខៅ..........បានលុយចិត្តខ្មៅឱយផៅភិតភ័យ។
០៣.អ្នកលួចគេបាននឹកស្មានថាគ្រាន់..ម្ចាស់គេតាមទាន់មុខស្ពាន់ហើយថ្លៃ
ជួនញាតិវាយតប់សន្លប់ស្មារតី.........ស៊យជីវីក្ស័យទោសពៃរ៍កម្មពៀរ។
០៤.បើគេលួចយើងយើងខឹងក្រោធទ្វេ.........ដល់យើងលួចគេគេខឹងដូចគ្នា
ដូច្នេះកុំលួចឆរបោកវាគារ.....................សូមធ្វើការងារមាគ៌ាប្រពៃ៕
សម្ដីឡាចៅ
០១.សម្ដីឡាចៅឱយផៅមោហោ.....ខឹងជេរបញ្ចោរបានតែសោកា
និយាយច្រំដែលគ្មានពេលលស់លា............គូនឹងលេញ្ជាពុំងារនាំទោស។
០២.រីវិក្រីឌាប្រែថាមាក់ងាយ...........ដល់សត្វទាំងឡាយកាយាថោកហួស
ឃើញតែខ្លួនល្អបវរខ្ពង់ខ្ពស់...នាំតែជន្លោះទោមនស្សទោសការណ៍។
០៣.កើតជាសត្វលោកទុក្ខសោកតាមស្នេហ៍...កុំប្រមាថគេជាសត្វដូចគ្នា
អាងខ្លួនឈ្លាសវៃសម្ដីលលា.............ប្រៀបដូចអវិជ្ជាដែរណា៎ពិសី។
០៤.ប្រកាន់សីលធម៌បវរថ្លៃថ្លា.............ត្រូវពិចារណាមុននិយាយស្ដី
សូមកុំអួតអាងបានខាងទ្រឹស្ដី............ទុក្ខអ្នកដទៃលៃស្មើរទុក្ខខ្លួន៕
ស្លាប់យ៉ាងអាស្រូវ
០១.ដប់ប្រាំពីរមេសាឆ្នាំចិតសិបប្រាំ...........រាស្ត្រខ្មែរចងចាំនូវព្រឹត្តិការណ៍
សង្គ្រាមបានចប់ឈប់ច្បាំងប្រហារ.........នៅក្នុងខេមរាកម្ពុជាស្នេហ៍ស្និត។
០២.រាស្ត្រខ្មែរគ្រប់គ្នាគិតថាសាន្តត្រាណ..សង្ឃឹមគ្រប់ប្រាណលែងមានភ័យភិត
បានជួបគ្រួសារម៉ែឪញាតិមិត្ត..................តែត្រូវខកចិត្តនឹងមិត្តយោធា។
០៣.ហើយត្រូវអង្គការបញ្ជាឱយរាស្ត្រ...........ចាកចេញពីផ្ទះកុំនៅរុញរា
រាស្ត្រណារឹងរូសជាប់ទោសពាធា.................ទោះចាស់ជរាពិការជើងដៃ។
០៤.ខ្មែរពីរលាននាក់ធ្លាក់ក្នុងរណ្ដៅ....ស្លាប់យ៉ាងអាស្រូវគ្មានជម្រះក្ដី
គ្រាន់ជាទាហានជាស្មៀនកវី..................ត្រូវមិត្តប្រលៃឥតក្ដីមេត្តា៕
ដប់ប្រាំពីរមេសា
០១.ដប់ប្រាំពីរមេសាកម្ពុជាបានចប់...........ជន្លោះវាយតប់ឈប់ច្បាំងពាធា
ប្រជាពលរដ្ឋជនបទភារា..............ត្រេកអរគ្រប់គ្នាស្មានបានសាន្តត្រាណ។
០២.តែផ្ទុយទៅវិញទោម្នេញចុកចាប់.....អ្នកឈ្នះបានចាប់ខ្មែរគ្រប់ភូមិឋាន
ដែលមានបុណ្យស័ក្ដិមេភូមិស្វាយត្រាណ...មន្ត្រីគ្រប់ប្រាណសម្លាប់ចោលអស់។
០៣.រាស្ត្រដែលនៅសល់ខ្វាយខ្វល់រាល់ថ្ងៃ..ខ្វះម្ហូបចំណីឈឺស្លាប់ដាច់ពោះ
គ្មានថ្នាំគ្មានពេទ្យព្យាបាលសង្គ្រោះ...នឹកឡើងស្រណោះជីវិតរាស្ត្រខ្មែរ។
០៤.បានឈ្នះឡើងធំទ្រនំខ្ពង់ខ្ពស់.....ស្នើរសុំយកអស់ទ្រព្យកេរ្តិ៍រាស្ត្រខ្មែរ
ហើយស្រែកថាស្នេហ៍ប្រជាជាតិទ្វេ.......អវសាន្តរាស្ត្រខ្មែរស្លាប់ពីរលាននាក់៕
ឆ្នាំ១៩៩៣
០១.ឆ្នាំដប់ប្រាំបួនរយកៅសិបបី...............ជនបទបុរីទឹកដីកម្ពុជា
បោះឆ្នោតរើសយកដំណាងប្រជា......ក្នុងរដ្ឋសភាឱយរៀបចំច្បាប់។
០២.រដ្ឋាភិបាលចម្រុះផុះកើតឡើង......ហើយសភាយើងបានអនុម័តច្បាប់
នៅក្នុងខេមរាឈប់ច្បាំងចាក់កាប់......ខ្មែរផុតពីស្លាប់រស់រានឡើងវិញ។
០៣.ខ្មែរយករបបរាជាធិបតេយ្យ..រាស្ត្រខ្មែរប្រុសស្រីផុតទុក្ខទោម្នេញ
ខិតខំវិវត្តន៍ជំនួញជួញទិញ.............ទើបបានចំណេញរួចពីគ្រោះថ្នាក់។
០៤.ច្បាំងនឹងអាវុធយុទ្ធភ័ណ្ឌខ្មែរក្ស័យ..ច្បាំងនឹងសម្ដីទើបខ្មែរពិទ័គ្ធ
ច្បាំងត្រឹមប្រាជ្ញាវោហាមេបក្ស......ទើបជាតិមិនធ្លាក់ក្នុងមហន្តរាយ៕
ប្រាំពីរមករា
០១.ប្រាំពីរមករាឆ្នាំចិតប្រាំបួន................នឹកស្មានរួចខ្លួនពីទុក្ខសោកា
សង្គ្រាមផ្ទុះឡើងនៅក្នុងកម្ពុជា................ធ្វើឱយប្រជាជួបតែក្ដីទុក្ខ។
០២.គេចពីពូថៅទៅត្រូវដំបង...................គេវាយសំពងខ្មែរឈឺចាប់ចុក
នៅក្នុងខេមរាសង្គ្រាមអុកល៉ុក.........ធ្វើឱយម្ចាស់ស្រុកមានទុក្ខសោកភ័យ។
០៣.ជាងបីទសវត្សស្គាល់តែទុក្ខសោក..ដោយខ្មែរចាញ់បោកជឿគ្រប់ទ្រឹស្ដី
សម្លាប់គ្នាឯងឱយជាតិដទៃ..................ទទួលជោគជ័យជំនួសជាតិខ្មែរ។
០៤.ឆ្នាំដប់ប្រាំបួនរយកៅសិបបី...........រាស្ត្រខ្មែរប្រុសស្រីមានសង្ឃឹមទ្វេ
ដោយរដ្ឋាភិបាលគិតគូរគ្នាន់គ្នេរ...........ជួយជាតិរាស្ត្រខ្នែរមានសន្តិភាព៕
ខេត្តបាត់ដំបង
០១.ខេត្តបាត់ដំបងចម្លងផុតទុក្ខ.........ព្រោះជាជង្រុកស្រូវដ៏ធំធេង
បើមានរាំងស្ងួតដីបែកក្រហែង...........នោះខេត្តផ្សេងៗចំបែងទុក្ខា។
០២.ដងស្ទឹងសង្កែផ្លែឈើដេរដាស....មានក្រូចចេកម្នាស់ដាំពេញចំការ
បន្លែដំណាំដាំដុះសាខា.............បានផលផ្លែផ្កាពិដោរសុះសាយ។
០៣.ពលរដ្ឋស្រីប្រុសខិតខំឧស្សាហ៍..ប្រកបកិច្ចការមិនដែលនឿយណាយ
ទោះមានឧបសគ្គមករារាំងកាយ.........ខិតខំដោះស្រាយឱយបានសុខា។
០៤.ទេសភាពប្រណិតដិតជាប់អារម្មណ៍..លើភ្ញៀវតូចធំដែលបានទស្សនា
នៅភ្នំសំពៅឬនៅភារា................រួមទាំងធារាសាស្ត្រកំពីងពួយ៕
dimanche 12 avril 2009
បន្ទាយមានជ័យ
០១.ប្រជាពលរដ្ឋខ្មែររត់ភៀសខ្លួន..ទៅសុំជ្រោកកោននៅប្រទេសថៃ
បង្កើតរណសិរ្សតស៊ូក្នុងព្រៃ................ប្រឆាំងតដៃកងទ័ពជាតិខ្មែរ។
០២.បន្ទាយមានជ័យមានន័យខ្លឹមសារ....កងទ័ពខេមរាឈ្នះក្រុមរណសិរ្ស
រួចហើយបង្កើតខេត្តថ្មីនេះដែរ........បន្សល់នូវកេរ្តិ៍ជោគជ័យនេះណា៎។
០៣.សន្និសីទប៉ាសភាគីចម្រុះ...............ចរចាសម្រុះសម្រួលមូលគ្នា
ជាមួយរដ្ឋាភិបាលកម្ពុជា...................រួចឱយប្រជាមាតុភូមិនិវត្តន៍។
០៤.បន្ទាយមានជ័យថ្វីដៃសាសន៍ខ្មែរ..........ចេះគិតរិះរេយកការវិវត្តន៍
លះបង់សង្គ្រាមឧទ្ទាមបដិវត្តន៍.........ខេមរាឈប់ខ្សត់ពលរដ្ឋសុខដុម៕
ព្រលឹងចុងសក់
០១.ខ្ញុំជាទាហានមានសំណាងក្រៃ..............បានរួចទោសពៃរ៍ផុតពីមរណា
ដោយសារយោធាមិនស្គាល់ភត្រា....ជួបខ្ញុំសួរថាស្គាល់ឈ្មោះ«ណុល»ទេ។
០២.ព្រលឹងចុងសក់សួរចំរូបខ្ញុំ................ខំឆ្លើយបន្លំថាឥតស្គាល់ទេ
យោធាទៅបាត់អត្តាគ្នាន់គ្នេរ.........សុំលាពុកម៉ែភៀសខ្លួនចូលសៀម។
០៣.គ្រាន់ជាពលទោតាមរកសងសឹក............ទាហានសន្ធឹកមិត្តចាប់ប្រលៃ
ដោយសារតែជឿមនោគមអប្រិយ............ហើយយកទ្រឹស្ដីគេមកប្រើប្រាស់។
០៤.ជីវិតរាស្ត្រខ្មែរម្ដេចអភ័ព្ទម៉្លេះ.........ត្រូវគេសម្លេះប៊ិះផុតពូជសាសន៍
ដោយភាពល្ងង់ខ្លៅជឿគេតែផ្ដាស់..ឱយខ្មែរព្រាត់ប្រាស់ស្លាប់ពីរលាននាក់។
ឱ!ក្ដីសង្ឃឹម
០១.ដប់ប្រាំពីរមេសាខេមរាបានចប់......សង្គ្រាមគ្រប់សព្វឈប់ច្បាំងប្រហារ
រាស្ត្រខ្មែរសង្ឃឹមរួចពីមរណា............ជួបជុំគ្រួសារផុតទុក្ខគ្រោះភ័យ។
០២.ឱ!ក្ដីសង្ឃឹមញញឹមស្ម័គ្រស្មោះ..ក្លាយជាពិសពស់ជាគ្រោះអប្រិយ
បានត្រូវអ្នកឈ្នះចាប់រាស្ត្រប្រលៃ....ចោទយកទោសពៃរ៍ជាខ្មាំងឫស្យា។
០៣.អង្គការជន្លៀសរាស្ត្រពីភូមិឋាន.......បិទសាលារៀនទូទាំងខេមរា
រាស្ត្រធ្វើពលកម្មខ្វះស្បៀងអាហារ......បើហ៊ានតវ៉ាជីវាក្សិណក្ស័យ។
០៤.អង្គការឫស្យាប្រហារពូជសាសន៍....ខ្មែរស្លាប់ដេរដាសនៅក្នុងបុរី
អស់ពីរលាននាក់ដោយសារស្នាដៃ........ប៉ុលពតអប្រិយចងចាំរាស្ត្រខ្មែរ៕
ខេត្តព្រៃវែង
០១.នៅខេត្តព្រៃវែងរាស្ត្រតែងបារម្មណ៍.....ទោះបីខិតខំធ្វើការគ្នាន់គ្នេរ
មិនបានលទ្ធផលដូចខេត្តផ្សេងទេ..........ខ្វះទឹកធ្វើស្រែស្ទើរតែរាល់ឆ្នាំ។
០២.ជីវិតអ្នកស្រែធ្វើស្រែចំការ......បានផលដោយសារមានផ្លៀងជោកជាំ
បើមានរាំងស្ងួតងាប់ផលដំណាំ............រាស្ត្រខ្មែររងកម្មទុរ្ភឹក្សមិនខាន។
០៣.ជីវភាពតោកយ៉ាករាស្ត្រចាកចោលស្រុក..ស្វែងរកក្ដីសុខនៅគ្រប់ភូមិឋាន
ក្នុងខេត្តដទៃខ្មីឃ្មាតគ្រប់ប្រាណ.........ឱយបានថ្កើងថ្កានចាកផុតភាពក្រ។
០៤.កសិកររំពឹងទៅនឹងទឹកភ្លៀង............ចំណែកអស់ជាងរំពឹងឧបករណ៍
ជីវិតរស់រានគង់មានខ្មៅស...................យើងត្រូវព្យាករពុះពារជានិច្ច៕
ភ្នំពេញ
០១.ប្រទេសកម្ពុជាភារាភ្នំពេញ.......ទេសចរចូលចេញដ៏ច្រើនគណនា
ហើយមកស្នាក់នៅតាមសណ្ឋាគារ..រួចហើយនាំគ្នាទស្សនាស្រុកខ្មែរ។
០២.ទេសចរកើនច្រើនចម្រើនខេមរា......រដ្ឋបានពន្ធដារថវិការច្រើនទ្វេ
យកមកប្រើប្រាស់បើកជាប្រាក់ខែ..........ឱយរដ្ឋការខ្មែរដែលបំរើជាតិ។
០៣.នៅក្រុងភ្នំពេញទំនិញដេរដាស..រថយន្តថ្មីចាស់ចល័តព្រោងព្រាត
មានកង់ម៉ូតូស៊ីក្លូច្រើនទៀត........ជិះចរប្រជ្រៀតពាស់ពេញផ្លូវផង។
០៤.ត្រីសាច់បន្លែផ្លែឈើគ្រប់មុខ......រៀបលក់លើតុល្អស្រស់បំព្រង
មានសំពត់អាវមាសពេជ្រកែវកង.....ភ្ញៀវឈរសាសងជាវយកប្រើប្រាស់៕
ក្រុងកំពង់សោម
០១.ក្រុងកំពង់សោមភ្ញៀវចោមរោមទៅ..ដើរកំសាន្តនៅតាមឆ្នេរសមុទ្រ
ស្រូបខ្យល់អាកាសល្អបរិសុទ្ធ..............ងូតទឹកសមុទ្រលេងយា៉ងសប្បាយ។
០២.មានទឹករលកបក់បោកផ្ទប់ច្រាំង......អ្នកហែលប្រណាំងដេញគ្នាប្រញា៉យ
ខ្លះជិះពោងលេងបណ្ដែតទៅឆ្ងាយ...ខ្លះដុសរៀងកាយជម្រះរោគស្បែក។
០៣.តាមឆ្នេរសមុទ្រមានពាលុកា..........សហ្មត់អស្ចារ្យសូរិយាចាំងភ្លែក
កុមារកាយលេងជាល្បែងប្លែកៗ............ហើយខ្លះទៀតេដកសំដិលរស្មី។
០៤.ទេសភាពប្រណិតដិតជាប់អារម្មណ៍........ទេសចរតូចធំនៅក្នុងលោកិយ
ដែលបានទស្សនាឆ្នេរខ្សាច់ប្រិមប្រិយ........នឹកគិតស្រមៃឃើញអនុស្សាវរីយ៍៕
ខេត្តកំពត
០១.នៅខេត្តកំពតឡើងCODEណាស់ថ្លៃ......ទេសចរប្រុសស្រីត្រាច់ចរទស្សនា
កំសាន្តតាមឆ្នេរសមុទ្រកម្ពុជា.........សប្បាយខ្ញៀវខ្ញាជារៀងរាល់ថ្ងៃ។
០២.ក្មេងលេងដីខ្សាច់ក្មេងត្រាច់តាមឆ្នេរ.....សមុទ្រដីខ្មែរស្អាតល្អប្រិមប្រិយ
ខ្លះទៀតហែលទឹកដេញគ្នាប្រញៃ................ហេវហត់ឡើងឆីចំណីអាហារ។
០៣.មានក្ដាមគីមឹកសន្ធឹកស្អេកស្កាស់..ជូនញាតិក្មេងចាស់ជាវយកភោក្ដា
នៅក្រោមម្លប់ឈើជួបជុំគ្រួសារ...............ហើយក្លែមពិសារអាហារចំណី។
០៤.មានទឹកឈូធ្លាក់ត្រជាក់កាយា..............ងូតហើយនាំគ្នាទិញផ្លែឈើឆី
នៅភ្នំបូកគោមនោរម្យប្រពៃ............ជូនញាតិប្រុសស្រីលំហែអារម្មណ៍៕
បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ
០១.ដប់ប្រាំពីរមេសាកម្ពុជាបានចប់.......សង្គ្រាមគ្រប់សព្វឈប់ច្បាំងប្រហារ
ប្រជាពលរដ្ឋជនបទទីផ្សារ.............និយាយអួតថាបានសុខសាន្តត្រាណ។
០២.តែត្រូវអ្នកឈ្នះជន្លៀសប្រជា.............ចេញពីភារាជនបទភូមិឋាន
មិនឱយយកស្បៀងអាហារតាមប្រាណ..រាស្ត្រត្រូវអត់ឃ្លានឈឺស្លាប់ក្នុងព្រៃ។
០៣.រាស្ត្រដែលនៅរស់មានគ្រោះរហូត.....ត្រូវមិត្តដកហូតរាល់ពេលយប់ថ្ងៃ
បញ្ជូនរៀនសូត្ររហូតអវីចី.....................ឥតឃើញវិលវ៉ីមករកគ្រួសារ។
០៤.បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ..........រាស្ត្រខ្មែរប្រុសស្រីឈឺចាប់ខ្លោចផ្សា
ព្រាត់ប្រាស់ម៉ែឪបងប្អូនដូនតា.............រាស្ត្រខ្មែរមរណាអស់ពីរលាននាក់៕
ប៊ិះស្លាប់!
០១.កត្ដឹកខ្យល់ធ្លាក់ត្រជាក់រំភើយ..ស្រណោះខ្លួនអើយខិតខំធ្វើ ការ
ច្រូតស្រូវបោកបែនទាំងអត់អាហារ..បម្រើអង្គការសស្រាក់សស្រាំ។
០២.ថ្ងៃដប់ប្រាំកើត នៃខែកត្ដឹក..នៅនាពេលព្រឹកើត រឿងរងកម្ម
យោធាស្នើរ ចងចំណងរឹតមាំ..ហើយកងឈ្លបនាំបណ្ដើរ ចូលព្រៃ។
០៣.ដល់ឃើញរណ្ដៅក្រឡៅក្នុងភ្នែក.មុខមាត់កូនស្លេកស្លុតអស់ស្មារតី
សំណាងកូនណាស់មានយោធាស្រី..ស្រែកឃាត់កុំវ៉ៃច្រឡំឈ្មោះទេ។
០៤.ពួកអង្គការលើ ធ្វើ អវជ័យ..កូនខ្លាចញ័រភ័យបន់គុណពុកម៉ែ
ជីវិតរស់រានមានទុក្ខតាមស្នេហ៍..ប៊ិះស្លាប់ដោយគេភ័ន្តច្រឡំឈ្មោះ៕
សោកនាដ្យកម្មទួលស្លែង
០១.សោកនាដ្យកម្មខ្មែរនៅគុគទួលស្លែង.បានឃើញរមែងចំបែងហឫទ័យ
នូវទារុណកម្មលើ ខ្មែរប្រុសស្រី...............ត្រូវគេប្រលៃឥតក្ដីមេត្តា។
០២.ស្បែកស្វិតជាប់ឆ្អឹងដេកធ្មឹងឥតស្ដី........រង់ចាំដល់ថ្ងៃមិត្តវ៉ៃសួរការ
វាយឱយសារភាពខ្លួនក្បត់អង្គការ............រួចហើយកត់ត្រានិងថតរូបទុក។
០៣.អ្នកទោសបែកក្បាលបែកមុខមាត់ភ្នែក.ជើងជាប់ខ្នោះដែកដេកឈឺចាប់បុក
រង់ចាំមរណាអត្តាផុតទុក្ខ.................សូមខ្មែរចាំទុកប្រវត្តិរឿងពិត។
០៤.ធ្វើបាបអ្នកទោសហួសពីការស្មាន....ដូចសត្វតិរច្ឆានគ្មានចិត្តអាណិត
សូម្បីកុមារទារកតូចល្អិត.............ជាប់ទោសក្បត់ពិតគ្មានសិទ្ធរស់ទេ៕
ឱសឱ!ទួលស្លែង
០១.ឱសឱ!ទួលស្លែងកន្លែងគុគធំ...កន្លែងវាយដំបង្ខំអ្នកទោស
ឱយគេសារភាពទទួលកំហុស..........ថាខ្លួនធ្វើខុសក្បត់នឹងអង្គការ។
០២.វាយសួរចម្លើយហើយថតរូបទុក..បែកក្បាលហើមមុខជាំពេញកាយា
សូម្បីទារកហើយនិងកុមារ............ឥតមានមេត្តាប្រហារឱយក្ស័យ។
០៣.ជើងជាប់ខ្នោះដែកដេកអត់អាហារ..រូបរាងកាយាស្គមស្លេកស្លាំងក្រៃ
រង់ចាំវេលាយោធាអប្រិយ.................សួរអស់សង្ស័យហើយវ៉ៃប្រហារ។
០៤.ប៉ុលពតបក្សពួកគម្រក់យង់ឃ្នង..បានវាយសំពងអ្នកទោសគ្រប់គ្នា
កត់ត្រាចម្លើយរួចហើយពាធា...........ចងចាំប្រជារាស្ត្រខ្មែរប្រុសស្រី៕
គុគទួលស្លែង
០១.ឃើញគុគទួលស្លែងចំបែងឱរា..កន្លែងប្រហាររាស្ត្រខ្មែរប្រុសស្រី
វាយដំច្រំធាក់គ្មានត្រាប្រណី............ធ្វើបាបរាល់ថ្ងៃឥតក្ដីមេត្តា។
០២.ធ្វើទារុណកម្មលើសសត្វតិរច្ឆាន..អ្នកទោសគ្រប់ប្រាណចោទក្បត់អង្គការ
តាំងពីមជ្ឈឹមវ័យរហូតកុមារ..................វាយដំកាយាលុះត្រាក្សិណក្ស័យ។
០៣.ខ្លួនស្គមស្លេកស្លាំងជើងជាប់ខ្នោះដែក..បង្ហូរទឹកភ្នែកដេករង់ចាំថ្ងៃ
គេយកវាយតប់ឱយឡប់ស្មារតី....................លុះជីវីក្ស័យផុតក្ដីចុកចាប់។
០៤.ខ្លះជាប់ចំណងហើយចងជើងព្យួរ.........គេវាយដំសួរចម្លើយដល់ស្លាប់
ជួនយកចរន្តឆក់ឱយចុកចាប់.....................ជួនយកដង្កាប់ចាប់ដកនខា៕
(នខា អានថា នៈខាប្រែថាក្រចក)
ស្នើរចង
០១.កត្ដឹកខ្យល់បក់គេងលក់លង់យូរ.......ទាបភ្លឺឮសូរមាត់ខ្សិបចំឡែក
ខំផ្ទៀងស្ដាប់ឮគឺមិត្តជជែក.......ក្រោយមកក៏ស្រែកហៅមិត្តមេជាង។
០២.ប្ដីខ្ញុំចេញទៅត្រូវមិត្តស្នើរចង..គាត់ស្លន់ទន់លោងរលំសាពា៌ង្គ
សន្លប់ស្មារតីឥតឮសំនៀង.........មិត្តគ្រាកទាញផ្អៀងចងរឹតចរណៃ។
០៣.អូសបងកាត់ភក់ព្រហ៊ាមស្រាងៗ.......អមទាញសងខាងតម្រង់ព្រឹក្សព្រៃ
ទាញអូសដូចសត្វឥតមានប្រណី..............ហើយគេប្រលៃឥតក្ដីមេត្តា។
០៤.អូននៅមើលបងក្លាយជាមនុស្សគ...ព្រលឹងស្លន់ឈរធ្មឹងដូចសីលា
ឱរាអួលណែនស្ទើរក្ស័យសង្ខារ.............រួចហើយអត្តាដួលបាត់ស្មារតី៕
jeudi 9 avril 2009
ខេត្តព្រះវិហារ
០១.ខេត្តព្រះវិហារពុំងារល្អក្រៃ....សូមញាតិប្រុសស្រីអញ្ចើញទស្សនា
មានរមណីយដ្ឋានប្រាសាទព្រះវិហារ.......ដូនតាទុកជាកេរ្តិ៍ដំណែលជាតិ។
០២.បុផ្ផាព្រៃភ្នំក្រពុំរីកសាយ..............ដើរលំហែរកាយស្រូបខ្យល់ធម្មជាតិ
មានមានទឹកជ្រោះហូរធ្លាក់អូរព្រោងព្រាត.ហើយអាកាសធាតុមនោរម្យអស្ចារ្យ។
០៣.ពលរដ្ឋស្រីប្រុសចិត្តស្មោះទៀងត្រង់.សម្ផស្សផូរផង់គួរឱយលិប្សា
សម្ដីផ្អែមល្ហែមបានជួបសន្ទនា..................ចរឹកឫកពារសំរុំប្រពៃ។
០៤.ពលរដ្ឋជនបទលត់ដំពលកម្ម..............ធ្វើកសិកម្មចំការស្រែព្រៃ
ខ្លះទៀតកាប់វ័ររកជ័ររាល់ថ្ងៃ...........ខ្លះជាមន្ត្រីដឹកនាំរាស្ត្រខ្មែរ។
ខេត្តកំពង់ឆ្នាំង
០១.ពលរដ្ឋប្រុសស្រីល្បីពេញខេមរា..ព្យាយាមធ្វើការទាំងវស្សាប្រាំង
គឺកុម្ភការនៅកំពង់ឆ្នាំង.......ពូកែស្មូនឆ្នាំងថ្លាងក្អមចង្ក្រាន។
០២.ធ្វើឆ្នាំងចង្ក្រានចានទាំងរទេះ..ឧបករណ៍ពិសេសជូនញាតិសន្ដាន
នៅតាមទីក្រុងជនបទភូមិឋាន.......ជាវប្រើគ្រប់ប្រាណសម្រាប់ដាំស្ល។
០៣.កសិករខិតខំសស្រាក់សស្រាំ.....ខ្លះទៀតសកម្មកូរដាំទឹកស្ករ
យកធ្វើស្ករផែនរសជាតិផ្អែមល្អ...ខ្លះជាកម្មករក្រតោកយា៉កក្រៃ។
០៤.ទេសភាពវាលស្រែនៅខែវស្សា..គូរឱយទស្សនាគយគន់រាល់ថ្ងៃ
ទន្លេបឹងបួរធម្មជាតិព្រឹក្សព្រៃ.........សុទ្ធជាចំណីចក្ខុទេសចរ៕
ខេត្តស្ទឹងត្រែង
០១.ទេសចរបានទៅលេងនៅស្ទឹងត្រែង..គគ្រឹគគគ្រែងដើរលេងកំសាន្ត
មើលទឹកជ្រោះធ្លាក់ក្នុងព្រៃស្មសាន..និងរមណីយដ្ឋានធម្មជាតិនានា។
០២.ទឹកជ្រោះហូរធ្លាក់ជ្រៅរាក់បែកផ្សែង..ឃើញហើយរមែងរំភើបចិន្ដា
គន់មើលត្រីផ្សោតលោតក្នុងជលសា......រួមទាំងត្រីប៉ាស៊ីអ៊ីទៀផង។
០៣.រដូវវស្សាជលសាជនជោរ.....ប្រៀបដូចសាគរហូរខ្លាំងកន្លង
ធ្វើឱយទេសភាពរីកស្រស់បំព្រង.......មិនខកបំណងចិត្តអ្នកទស្សនា។
០៤.ទេសភាពប្រណិតដិតជាប់អារម្មណ៍.....បុគ្គលតូចធំរីករាយសោភា
ប្រៀបដូចផែនដីមានព្រៃព្រឹក្សា......ត្រូវការសូរិយា.វាយោនិងភ្លៀង៕
lundi 6 avril 2009
ខេត្តកំពង់ចាម
០១.ខេត្តកំពង់ចាមមានស្នាមទុកនៅ.ដោយមិត្តខ្មែរត្រូវគ្រោះថ្នាក់មរណា
ជាជាតិជប៉ុនទទួលចាត់ការ...............ក្នុងការស្ថាបនាស្ពានទន្លេបិត។
០២.ខ្មែរប្រសិទ្ធិនាមស្ពានគីសូណា.............ជាឋាបនាការដ៏ល្អប្រណិត
ដែលប្រទេសជប៉ុនជួយដល់ខ្មែរពិត......ឱយរាស្ត្រឆ្ងាយជិតបានឆ្លងទន្លេ។
០៣.ប្រជារាស្ត្រនៅជនបទភារា............ត្រេកអរគ្រប់គ្នាសូមអរគុណទ្វេ
ដល់ប្រទេសជប៉ុននិងពលរដ្ឋដែរ..........បានជួយដល់ខ្មែរស្ពានល្អត្រចះ។
០៤.ប្រទេសជប៉ុនចុះទុនច្រើនលាន.......យកមកសង់ស្ពានជូនខ្មែរប្រើប្រាស់
សន្ដានចិត្តល្អកម្ររកណាស់...........សូមព្រះជាម្ចាស់ប្រសិទ្ធិពរជ័យ៕
ខេត្តស្វាយរៀង
០១.រឿងឧបត្តហេតុនៅខេត្តស្វាយរៀង.សូមលោកអ្នកនាងផ្ចិតផ្ចង់ផ្ទៀងស្ដាប់
ពីទុក្ខសង្វែកដែលរាស្ត្រខ្មែរស្លាប់.................ខ្លះទៀតចុកចាប់ពិការជើងដៃ។
០២.យន្តហោះអាគាំងទម្លាក់គ្រាប់បែក..........ហើយផ្ទុះបែកខ្ញែកចំរាស្ត្រប្រុសស្រី
ជួនកាលសត្រូវលាក់ខ្លួនក្នុងព្រៃ.......................មកប្លន់ប្រលៃឥតក្ដីមេត្តា។
០៣.នៅភូមិវាលទ្រាប្រជារាស្ត្រស្លាប់..................អាគាំងគេរ៉ាប់សងជាដុល្លា
ជួនដូរត្រាក់ទ័រជំនួសប្រជា.......................ដែលស្លាប់ក្នុងគ្រាសង្គ្រាមអប្រិយ។
០៤.សត្រូវចោរព្រៃទាំងស្រីទាំងប្រុស..................លាក់ខ្លួនធ្វើខុសច្បាប់ក្នុងបុរី
រិបអូសយកពន្ធលួចប្លន់ប្រលៃ..............រាស្ត្រខ្មែរប្រុសស្រីរងទុក្ខខ្លោចផ្សា៕
ខេត្តកោះកុង
០១.នៅខេត្តកោះកុងកំពុងលូតលាស់......ស្អាតល្អឥតទាស់គួរឱយទស្សនា
មានរមណីយដ្ឋានឧទ្យានសួនច្បារ...........ព្រមទាំងជលសាសាគរពោរពេញ។
០២.ទិដ្ឋិភាពព្រៃភ្នំមនោរម្យអស្ចារ្យ..........បក្សីបក្សាហិចហើរប្រដេញ
ម្ហូបគ្រឿងសមុទ្រមានលក់ពាស់ពេញ.ភ្ញៀវចោមរោមទិញយកទៅភោក្ដា។
០៣.ភ្ញៀវដើរកំសាន្តតាមឆ្នេរសមុទ្រ.......ស្រូបខ្យល់បរិសុទ្ធសប្បាយឱរា
ឃើញទេសភាពល្អរំភើបចិន្ដា................រំសាយទុក្ខានៅក្នុងហឫទ័យ។
០៤.អនុស្សាវរីយ៍នៅខេត្តកោះកុង..........ដក់ជាប់នៅក្នុងបេះដូងចរណៃ
ចាំមិនភ្លចទេទេសភាពព្រឹក្សព្រៃ...........ចារក្នុងស្មារតីប្រាថ្នាជួបទៀត៕
ខេត្តពោធិសាត់
០១.ប្រវត្តិរឿងពិតឋិតនៅពោធិសាត់..មេទ័ព្ធធ្វើអត្តឃាតសម្លាប់ខ្លួន
មិនឱយសត្រូវដែលរៀបចំក្បួន.....ឡោមព័ទ្ធចាប់ខ្លួនលោកយកប្រហារ។
០២.មេទ័ពឃ្លាំងមឿងឱយជីកអណ្ដូង......ដោតលំពេងច្រូងហើយក៏នាំគ្នា
លោតសម្លាប់ខ្លួនឱយក្ស័យជីវា.ទើបកើតអ្នកតាឃ្លាំងមឿងនោះទៅ។
០៣.មេទ័ពស្លាប់ពិតកិត្តិនាមខ្័ទរខ្ទារ....ល្បីពេញខេមរាហើយចារឆ្លាក់ដៅ
ក្នុងប្រវត្តិសាស្ត្រចែកជូនកូនចៅ..........ដូច្នេះខ្មែរត្រូវចងចាំគ្រប់គ្នា។
០៤.យើងជាកូនចៅត្រូវឧទ្ទិសជូន...............ព្រលឹងបងប្អូនម៉ែឪដូនតា
ដែលគាត់ស្លាប់ទៅបាននៅសុខា..........សុំគាត់រក្សារកូនចៅនៅរស់៕
dimanche 5 avril 2009
សៀមរាបប្រៀបដូចបុផ្ផា
០១.នៅខេត្តសៀមរាបប្រៀបដូចបុផ្ផា..រីកចោលគន្ធពិដោរយប់ថ្ងៃ
ដោយមានប្រាសាទសាងសង់ក្នុងព្រៃ....ឱយញាតិប្រុសស្រីអញ្ចើញទស្សនា។
០២.ឋបនាការប្រាសាទអង្គរ...............រចនាឆ្លាក់ល្អពីថ្មសីលា
រាប់ឆាកជីវិតប្រវត្តិពិស្ដារ...........និងរឿងសាសនាក្នុងប្រទេសខ្មែរ។
០៣.ភ្ញៀវបាននទស្សនាប្រាសាទនាៗ...សរសើរគ្រប់គ្នាមិនដាច់មាត់ទេ
នូវស្នាដៃបុព្វបុរសខ្មែរ..............ល្បីល្បាញពូកែនៅលើលោកា។
០៤.ប្រាសាទសីលាស្នាដៃជាតិខ្មែរ...........មេត្តាជួយថែជួយអារក្ខា
ទុកជាសម្បត្តិមនុស្សគ្រប់គ្នា............គង់វង្សយូរយាទៅអនាគត៕
ខេត្តសៀមរាប
០១.ឱ!ខេត្តសៀមរាបប្រៀបដូចឋានសួគ៌..ទេសចរជាជួរបន្តទស្សនា
ប្រាសាទអង្គរឮសូរខ្ញៀវខ្ញារ...កោតសរសើរស្នាដៃបុព្វបុរសខ្មែរ។
០២.ប្រាសាទបាពួនប្រាសាទបាយន្ត...ប្រាសាទនាគព័ន្ធរលោះកោះកែ
ប្រាសាទបន្ទាយស្រីឆ្លាក់ឆ្នៃល្អទ្វេ...កេរ្តិ៍ដំណែលខ្មែរជូនជាតិខេមរា។
០៣.ប្រាសាទសីលាស្ថាបនាដេរដាស់.ជូនញាតិក្មេងចាស់នៅលើលោកា
បានឃើញគួចចិត្តរឹតចង់ទស្សនា....អធិប្បាយប្រាប់គ្នាប្រាសាទល្អមែន។
០៤.ពេលមេឃស្រទុំទៅភ្នំបាខែង......ហើយងូតទឹកលេងនៅភ្នំគូលេន
មានទឹកជ្រោះធ្លាក់ត្រជាក់ល្អមែន....មកបន់ស្រន់សែននាងចេកនាងចម៕
ស្នេហ៍ស្រី
០១.បងមិនដែលធ្លាប់ជាប់ចិត្តមាសមេ..ឥតមានក្ដីស្នេហ៍លើថ្លៃសោះឡើយ
ឥល៉ូវបងលង់ស្នេហ៍លើត្រាណត្រើយ......គិតតែថ្លៃអឺយរាល់ពេលវេលា។
០២.ចាស់ទុំប្រដៅមិនត្រូវស្នេហ៍ស្រី.........ដែលមានស្វាមីប្រយ័ត្នមានពៀរ
ខ្លាចខ្នោះច្រវាក់ផ្គាក់តាមផ្ដន្ទា.......មកផ្ដាច់់សង្ខារអាត្តាឱយក្ស័យ។
០៣.ឱ!ក្ដីក្រៀមក្រមខ្ញុំស្រឡាញ់គេ....មិនហ៊ានសួរទេខ្លាចបាបទោសពៃរ៍
ស៊ូទ្រាំលេបទុក្ខគេងនឹកស្រម៉ៃ...........ចង់កៀកកើយថ្លៃស្រីស្រស់កនិដ្ឋា។
០៤.លាក់ទុក្ខក្ដីស្នេហ៍នៅក្នុងហឫទ័យ......បានជួបចរណៃរំភើបបអស្ចារ្យ
ស្ម័គ្រតែងចំរៀងច្រៀងផ្ញើវេហា.............ជូនដល់ជីវាថាបងស្នេហ៍អូន៕
បងហ៊ានបំពាន
០១.បងបានសច្ចាថាស្មោះនឹងអូន....សូមឱយប្រុសស្ងួនចាំពាក្យសន្យា
ចំណែករូបអូនសូមស្បថសច្ចា.......ថាស្មោះរៀមរាលុះត្រាក្សិណក្ស័យ។
០២.សហស្សវត្សថ្មីសិទ្ធស្រីស្មើរប្រុស..រៀមរាធ្វើខុសក្បត់អូនមានថ្មី
ដូចបងបង្រៀនអូនឱយក្បត់ប្ដី............ចាំពាក្យសំដីអូនណាកល្យាណ។
០៣.សំណាបយោងដីស្រីយោងប្រុស.ជួយពេលមានគ្រោះអាសន្នអត់ឃ្លាន
បងបានសច្ចាបែរធ្វើបំពាន..................រូបអូនក៏ហ៊ានបំពានដូចគ្នា។
០៤.ប្រុសបងលោភលន់ប្រពន្ធពីរបី...........ដល់អូនមានថ្មីសូមកុំហិង្សា
ហើយកុំប្រចាន់វាយតប់ភរិយា....................រូនអូនក៏ជាមនុស្សដូចបង៕
samedi 4 avril 2009
បរប៉ៃលិន
០១.ចង់មានទៅបរចង់ក្រទិញឡាន...ចាស់លោកឧទានព្រមានតគ្នា
នៅបរប៉ៃលិនមានត្បូងហូរហៀ............តែត្រូវពុះពារជីករ៉ែរែងដី។
០២.សំណាងអ្នកមានជីកបានត្បូងល្អ..អត្តាផុតក្រក្លាយជាសេដ្ឋី
អ្នកគ្មានវាសនាអត្តារីងរៃ..........គ្រុនចាញ់ប្រលៃឱយក្ស័យជីវា។
០៣.នៅបរប៉ៃលិនសំបូរទុរេន........សាវម៉ាវគូលែនខ្នុរល្មុតសែដា
ស្វាយល្ហួតកន្ទួតមង្ឃុតពុទ្រា.ត្របែកចេកជ្វាទៀបបាយស្វាយខ្ទិះ។
០៤.ត្រប់ខាត្រប់ស្រួយត្រប់ពុតលំញង....ត្រឡាចននោងដំល៉ូងដូងខ្ទិះ
ត្នោតពោតត្រាវល្ពៅផ្កាស្ដៅផ្កាម្លិះ.ផ្កាស្ពៃខ្ទឹមម្ទេសសំបូរហូរហៀ៕
គីរីរម្យ
០១.នៅគីរីរម្យរមណីយអស្ចារ្យ.........មានព្រៃព្រឹក្សាបក្សាបក្សី
អាកាសធាតុល្អជាប្រក្រតី..........ជូនភ្ញៀវប្រុសស្រីកំសាន្តទស្សនា។
០២.ទេសភាពស្អាតល្អកំដរចក្ខុ...............ទេសចរពហុរំភើបចិន្ដា
នាំគ្នាបណ្ដែតមនោសញ្ចេតនា..ខ្លះទៀតភោក្ដាហើយក្លែមវារុណី។
០៣.បុផ្ផាព្រៃភ្នំក្រពុំរីកសាយ........ចោលពិដោរភាយនៅគ្រប់ទិសទី
ឱយភ្ញៀវក្រេបទុកជាអនុស្សាវរីយ៍......នឹកឃើញរមណីយដ្ឋានគីរីរម្យ។
០៤.សំបូរបន្លែផ្លែឈើគ្រប់យ៉ាង...មាក់ប្រេងមាក់ប្រាងទៀបស្វិតខ្វិតទុំ
មង្ឃុតពុទ្រាស្វាយដោះក្រមុំ..............ត្របែកចេកទុំទុរេនសាវម៉ាវ៕
ខេត្តកំពង់ស្ពឺ
០១.រុក្ខាព្រៃភ្នំនៅកំពង់ស្ពឺ............ដែលល្បីរន្ទឺគឺសំបូរត្នោត
ជាប្រភេទឈើមានស្នូលពុកស្ពោត...តែគ្រាប់វិញសោតដាំដុះលាស់ល្អ។
០២.ផ្លែត្នោតខ្ចីទុំធ្វើនំចំណី......គល់ដើមឆ្លាក់ឆ្នៃធ្វើជាឧបករណ៍
ផ្កាកៀបយកទឹករសជាតិផ្អែមល្អ.....បានច្រើនធ្វើស្ករសំរាប់ភោក្ដា។
០៣.ដើមត្នោតជានិមិត្តរូបជាតិខ្មែរ.....សូមពលរដ្ឋខ្មែរជួយថែរក្សា
ហើយដាំត្នោតថែមឱយកើនគណនា......ត្នោតឱយផលាជាទីគាប់ចិត្ត។
០៤.ដើមត្នោតលូតធំក្រពុំផ្លែផ្កា.......ខ្មែរត្រូវឧស្សាហ៍ខិតខំផលិត
ទាញបានកម្រៃស្នាដៃខ្មែរពិត........ហើយប្រើគំនិត្យផ្ចិតផ្ចង់រាល់ថ្ងៃ៕
ខេត្តកណ្ដាល
០១.នៅខេត្តកណ្ដាលសម្រាលទុក្ខខ្មែរ..មានរោងចក្រដេរសម្លៀកបំពាក់
ជួយលើកជីវភាពខ្មែរច្រើនសែននាក់..........សូមខ្មែរពិទ័គ្ធក្នុងកិច្ចការងារ។
០២.សហគ្រិនបរេទសបើកសហគ្រាស.........ដើម្បីឱយរាស្ត្រខ្មែរមានការងារ
ប្រកបអាជីពជាអាចិណ្ណា...................បានថវិកាបៀវត្សគាប់ចិត្ត។
០៣.មានភោជនីយដ្ឋានឧទ្យានសួនច្បារ......មានសណ្ឋាគារដ៏ល្អប្រណិត
ទុកជួលជូនភ្ញៀវកិត្តិយសឆ្ងាយជិត.......កម្មករត្រូវគិតផ្ចិតផ្ចង់ធ្វើការ។
០៤.ទេសភាពព្រៃភ្នំរមណីយល្អទ្វេ...........មានទឹកទន្លេហូរប្រសព្វគ្នា
សំបូរក្ដាមខ្ចងបង្កងមច្ឆា..................ព្រមទាំងចំការផលាច្រើនក្រៃ៕
vendredi 3 avril 2009
ខេត្តក្រចេះ
០១.នៅខេត្តក្រចេះពិសេសជាងគេ..............តាមដងទន្លេមានឆ្នេរខ្សាច់ល្អ
មានប្រជាជននិងភ្ញៀវទេសចរ....................នាំគ្នាត្រាច់ចរកំសាន្តសប្បាយ។
០២.សាយណ្ហទេរទាបភ្ញៀវរៀបចេញដែរ..ដើរលេងតាមឆ្នេរខ្សាច់ល្អពណ្ណរាយ
ខ្លះងូតទឹកលេងដេញគ្នាប្រញ៉ាយ..........ខ្លះមើលក្មេងកាយខ្សាច់លេងហូរហែ។
០៣.ទេសភាពប្រណិតដិតជាប់អារម្មណ៍............ដល់គ្រប់សង្គមបរទេសសាសន៍ខ្មែរ
ដែលមកកំសាន្តតាមឆ្នេរទន្លេ......................ចាំមិនភ្លេចទេអនុស្សាវរីយ៍។
០៤.មានរមណីយដ្ឋានឧទ្យានសួនច្បារ......................ដីស្រែចំការបុព្វតាគីរី
មានទាំងត្រីផ្សោតត្រីប៉ាស៊ីអ៊ី...................ជូនភ្ញៀវជាទីទស្សនាគាប់ចិត្ត៕
ខេត្តកំពង់ធំ
០១.ខេត្តកំពង់ធំមនោរម្យអស្ចារ្យ........មានព្រៃព្រឹក្សាទន្លេបឹងធំ
មានភ្នំសន្ទុកទេសចរជៀវជុំ...........នាំគ្នាឡើងភ្នំកំសាន្តកាយា។
០២.ឡើងភ្នំសន្ទុកចុកចាប់ជើងក្រៃ......ហេវហត់ស្ទើរក្ស័យតែបានទស្សនា
ទេសភាពព្រៃភ្នំឧទ្យានសួនច្បារ...........វាលស្រៃចំការល្អស្រស់បំព្រង។
០៣.ទេសភាពប្រណិតដិតជាប់អារម្មណ៍..ឱយទុក្ខក្រៀមក្រំរសាយហ្មត់ហ្មង
មានទាំងគូស្នេហ៍បណ្ដើរត្រសង.....កៀកកើយសាសងសប្បាយអស្ចារ្យ។
០៤.ក្រឡេកមើលមេឃៗមីស្រទំ...........អង្គុយលើភ្នំក្រោមម្លប់រុក្ខា
រួចហើយបណ្ដែតមនោសញ្ចេតនា.........គិតគូសង្សារគ្រួសារបងប្អូន៕
Inscription à :
Articles (Atom)